CNRP លើក​បដា​ទូទាំង​ប្រទេស​ ទាមទារ​ឲ្យ​ដោះលែង​​លោក​ កឹម សុខា

ភ្នំពេញៈ គណបក្ស​សង្គ្រោះ​ជាតិ​សម្រេច​លើក​បដា​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​លោក កឹម សុខា នៅ​តាម​ស្នាក់ការ​គណបក្ស​ទូទាំង​ ២៥ ខេត្ត រាជធានី ចាប់ពី​ថ្ងៃ​ម្សិលមិញ ខណៈ​ដែល​សាលា​ឧទ្ធរណ៍​នឹង​បើក​សវនាការ​អសាធារណៈ​លើ​បណ្តឹង​ប្រឆាំង​ការ​ឃុំ​ខ្លួន​លោក កឹម សុខា នៅ​ព្រឹក​នេះ​។



គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ម្សិលមិញ​បាន​សម្រេច​លើក​បដា​ដែល​មាន​រូប​លោក កឹម សុខា និង​ពាក្យ​ថា «​ត្រូវ​ដោះលែង​លោក​ប្រធាន កឹម សុខា ជា​បន្ទាន់​ដោយ​គ្មាន​លក្ខខណ្ឌ​» ដែល​នឹង​ត្រូវ​ដាក់​នៅ​តាម​ស្នាក់ការ​គណបក្ស​ទូទាំង ២៥ ខេត្ត រាជធានី​។

លោក ប៉ុល ហំម អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ស្នាក់ការ​កណ្តាល​គណបក្ស​នៅ​ចាក់អង្រែ​ថា​៖ «​តាម​ការ​សម្រេច​របស់​គណៈកម្មាធិការ​អចិន្រៃ្តយ៍​គណបក្ស​សង្គ្រោះ​ជាតិ​ថ្ងៃ​នេះ​យើង​សម្រេច​លើក​បដា​មួយ​ដើម្បី​ទាមទារ​ទម្លាក់​ចោល​ការ​ចោទប្រកាន់​ចំពោះ​ឯកឧត្តម ប្រធាន កឹម សុខា​។ សូម​បញ្ជាក់​ថា ឯកឧត្តម កឹម សុខា នៅ​តែ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឡើយ​ទេ​មក​ទល់​ពេល​នេះ​»​។

លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ថ្លែង​ថា​ការ​សម្រេច​ដាក់​បដា​នេះ​គឺជា​រូបភាព​បដិវត្តន៍​ពណ៌ និង​ធ្វើ​តាម​បញ្ជា​របស់​លោក កឹម សុខា ចេញ​ពី​ពន្ធនាគារ​។

លោក សុភ័គ បាន​ថ្លែង​ថា​៖ «​នេះ​ជា​រូបភាព​មួយ​នៅ​ក្នុង​គម្រោងការ​របស់​គាត់​ធ្វើ​បដិវត្តន៍​ពណ៌​។ គម្រោងការ​របស់​គាត់​គឺ​ទាំងអស់​នេះ តាំងពី​បដា​តាំងពី​អី​កំប៉ិក​កំប៉ុក​គឺ​រូបភាព​បដិវត្តន៍​ពណ៌​។ គោលការណ៍​របស់​គាត់​មាន​តែ​ទាំងអស់​ហ្នឹង កឹម សុខា គាត់​បាន​រៀបចំ​គោលការណ៍​ក្នុង​អ្វី​ដែល កឹម សុខា បាន​រៀនសូត្រ​មកពី​អាមេរិក​។ ​យើង​គិត​ទុក​មុន​ថា​គេ​នឹង​ដើរ​ផ្លូវ​ណា​។ យើង​គិត​មើល​តាំង​ពី​ថ្ងៃ ៣ មក​ទើប​តែ​ចេញ​មក​ឥឡូវ កឹម សុខា ប្រាប់​ពី​ក្នុង​គុក​មក​ហ្នឹង​។ រឿង​ហ្នឹង​រឿង សុខា ណែនាំ​ពី​ក្នុង​គុក​មក​ទេ វា​ជា​បដិវត្តន៍​ពណ៌​ទេ​»​។

ក៏​ប៉ុន្តែ​លោកស្រី មូរ សុខហួរ អនុប្រធាន​ម្នាក់​ទៀត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​ថា​សមាជិក​សភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ដែល​បាន​ជួប​លោក កឹម សុខា ​ទេ ចាប់​តាំង​ពី​មាន​ការ​ចាប់​ខ្លួន​គាត់​មក​ហើយ​ការ​សម្រេច​លើក​បដា​នេះ​គឺជា​ការ​សម្រេច​របស់​គណកម្មាធិការ​អចិន្រៃ្តយ៍​គណបក្ស​។

ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​តាម​ខេត្ត​មួយ​ចំនួន​បាន​ថ្លែង​ថា​ពួកគាត់​បាន​លើក​បដា​នោះ​រួចរាល់​ហើយ​តាំង​ពី​ព្រឹក​ម្សិលមិញ​។

នៅ​ព្រឹក​នេះ​ដែរ​សាលា​ឧទ្ធរណ៍​នឹង​បើក​សវនាការ​លើ​បណ្តឹង​ប្រឆាំង​ការ​ចាប់​ឃុំ​ខ្លួន​លោក កឹម សុខា ​។ ប៉ុន្តែ​ទាំង​មន្ត្រី​សាលា​ឧទ្ធរណ៍ និង​អគ្គនាយកដ្ឋាន​-ពន្ធនាគារ ថ្លែង​ថា​ពួក​លោក​មិន​ប្រាកដ​ថា​លោក​ កឹម សុខា នឹង​មាន​វត្តមាន​ ឬ​យ៉ាង​ណា​ឡើយ​គិត​ត្រឹម​ល្ងាច​ម្សិលមិញ​។

លោក​ ទូច ថារិទ្ធិ អ្នក​នាំ​ពាក្យ​សាលា​ឧទ្ធរណ៍​បាន​ថ្លែង​ថា​៖ «​សាលា​ឧទ្ធរណ៍​ក៏​ត្រូវ​រង់ចាំ​មើល​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​នៃ​សភា​ស៊ើបសួរ គាត់​ពិនិត្យ​ទៅ​លើ​សំណុំ​រឿង​នេះ​សិន​។ សំណុំ​រឿង​នេះ​​សភា​ស៊ើបសួរ​ត្រូវ​ពិនិត្យ​លើ​លក្ខខណ្ឌ​នៃ​ការ​ស្នើសុំ​នៅ​ក្រៅ​ឃុំ​តែ​ប៉ុណ្ណោះ​។ នីតិវិធី​របស់​តុលាការ បើ​សិន​មិន​មាន​វត្តមាន​របស់​ជន​ត្រូវ​ចោទ​ទេ ក្រុម​មេធាវី​តំណាង​ឲ្យ​ជន​ត្រូវ​ចោទ​គាត់​អាច​លើក​បញ្ហា​ទាំង​នេះ​មក​ឆ្លើយ​ដោះសារ​នៅ​ចំពោះ​មុខ​តុលាការ​បាន​ដូច​មិន​មាន​អី​ប៉ះពាល់​សិទ្ធិ​ទេ​»​។

លោក ថារិទ្ធិ បន្ត​ថា​៖ «​ខាង​សាលា​ឧទ្ធរណ៍​មិន​អាច​សម្រេច​ជួស​មុខ​ឲ្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​បាន​ទេ ព្រោះ​អី​ភារកិច្ច​ការ​ដឹក​ជញ្ជូន​ជន​ដែល​ត្រូវ​ចោទ​ជា​សមត្ថកិច្ច​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ដូច​ចែង​ក្នុង​ច្បាប់​ពន្ធនាគារ​»​។

ប៉ុន្តែ​លោក នុត សាវនា អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ថ្លែង​ថា​លោក​កំពុង​រង់ចាំ​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ទៅ​លើ​សំណើ​សុំ​ពិចារណា​រឿង​សន្តិសុខ​ និង​សុវត្ថិភាព​ក្នុង​ពេល​បញ្ជូន​លោក សុខា មក​ចូលរួម​សវនាការ​។ «​មក​ដល់​ពេល​នេះ​ខាង​ខ្ញុំ​មិន​បាន​ទទួល​ការ​ឆ្លើយតប​ទេ​។ អាហ្នឹង​ដូចជា​ខាង​អ្នក​នាំ​ពាក្យ​សាលា​ឧទ្ធរណ៍​គេ​បកស្រាយ​ហើយ​តើ​ថា​ប្រហែល​ជា​មិន​អាច​មាន​ការ​អញ្ជើញ​គាត់​ផ្ទាល់​ទេ​ប្រហែល​ជា​អាច​ធ្វើ​តាម​រូបភាព​ផ្សេងៗ​ដូចជា​តាម​វីដេអូ​ខនហ្វើរិន​អា​នេះ​ជា​គំនិត​ខ្ញុំ​ទេ​»​។

កាលពី​ម្សិលមិញ​សាលា​ឧទ្ធរណ៍​បាន​ទទួល​លិខិត​របស់​ក្រុម​មេធាវី​ចំនួន ៨ រូប​ដែល​ការពារ​ក្តី​លោក កឹម សុខា ដែល​បាន​ស្នើសុំ​ទៅ​សាលា​ឧទ្ធរណ៍​ឲ្យ​មាន​វត្តមាន​លោក​ សុខា ដូច​ដែល​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ឃុំ​ខ្លួន​លោក​។

លិខិត​ចុះ​ថ្ងៃ​ទី​ ២២ កញ្ញា បាន​សំអាង​លើ​ហេតុផល​របស់​ចៅក្រម​ស៊ើបសួរ​ដែល​បាន​សម្រេច​ឃុំ​ខ្លួន​លោក​ សុខា ក្រោម​ហេតុផល​ថា​ដើម្បី​រក្សា​ជន​ត្រូវ​ចោទ​ទុក​ជូន​តុលាការ​ចាត់ការ​គ្រប់​នីតិវិធី និង​កុំ​ឲ្យ​ជន​ត្រូវ​ចោទ​គេចវេះ​មិន​ចូល​ខ្លួន​តាម​ការ​កោះ​ហៅ​។ ដោយសារ​ហេតុផល​នេះ ក្រុម​មេធាវី​ថ្លែង​ថា​៖ «​ដូច្នេះ​គ្មាន​ហេតុផល​ណា​មួយ​ត្រូវ​បាន​លើក​ក្នុង​ការ​រារាំង​មិន​អនុញ្ញាត​ឲ្យ​កូន​ក្តី​យើង​ខ្ញុំ​ចូលរួម​ក្នុង​សវនាការ​ឡើយ​»​។

លោក សំ សុគង់ មេធាវី​ម្នាក់​ក្នុង​ចំណោម​ ៨ ​នាក់​របស់​លោក កឹម សុខា បាន​ថ្លែង​ថា​គិត​ត្រឹម​រសៀល​ម្សិលមិញ​លោក​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ពី​ចៅក្រម​នៅ​ឡើយ​ថា​តើ​នឹង​មាន​វត្តមាន​របស់​លោក​ សុខា ក្នុង​សវនាការ​នៅ​ព្រឹក​នេះ​ទេ​? លោក​ថ្លែង​ថា​ក្នុង​ករណី​ដែល​ចៅក្រម​សម្រេច​បន្ត​នីតិវិធី​ដោយ​គ្មាន​វត្តមាន​លោក សុខា ក្រុម​មេធាវី​នឹង​ស្នើ​សុំ​ពន្យារពេល​សវនាការ​ទៅ​ថ្ងៃ​ក្រោយ ដើម្បី​ទាមទារ​ឲ្យ​មាន​វត្តមាន​លោក សុខា ​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​មាន​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស​។

កាលពី​ពេល​ថ្មីៗ​នេះ​ក្រុម​ទ្រទ្រង់​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សហរដ្ឋអាមេរិក​បាន​ស្នើឲ្យ​សមាជិក​សភា និង​ព្រឹទ្ធសភា​របស់​គណបក្ស​នេះ​វិល​មក​កម្ពុជា​វិញ​។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ធ្លាប់​បាន​ថ្លែង​កាលពី​ពេល​ថ្មីៗ​នេះ​ដែរ​ថា​មាន​សមាជិក​របស់​​គណបក្ស​សង្គ្រោះ​ជាតិ​ខ្លះ​កំពុង​រត់​គេច​ខ្លួន​ទៅ​ប្រទេស​ថៃ​។

ប៉ុន្តែ​លោក​ សុន ឆ័យ ប្រធាន​ក្រុម​សមាជិក​សភា​បក្ស​សង្គ្រោះ​​ជាតិ​បាន​ថ្លែង​ថា ការ​ស្ថិត​នៅ​ក្រៅ​ប្រទេស​របស់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​មិនមែន​ដោយសារ​ការ​ភ័យខ្លាច​ទេ ប៉ុន្តែ​ដោយសារ​ការ​បំពេញ​ភារកិច្ច​។

«​សូម​បញ្ជាក់​ដែរ​ដូចជា​មិន​មាន​បញ្ហា​ភ័យខ្លាច​ទេ​យើង​ដឹង​ហើយ​មួយ​ចំនួន​មាន​បេសកកម្ម​ទៅ​ហើយ​ការងារ​មួយ​ចំនួន​ដែល​គណបក្ស​ត្រូវ​ធ្វើការ​នៅ​ខាង​ក្រៅ​ដែល​គណបក្ស​ត្រូវ​ឲ្យ​អ្នក​ទាំង​នោះ​នៅ​បន្ត​ការ​ជួយ​ពន្យល់​ទៅ​សហគមន៍​អន្តរជាតិ​អំពី​ស្ថានភាព​នៅ​ស្រុក​យើង ប៉ុន្តែ​អស់​លោក​ទាំង​នោះ​នឹង​ត្រឡប់​មក​វិញ​នៅ​ពេល​ឆាប់ៗ ដើម្បី​បន្ត​ការងារ​របស់​យើង​ទៅ​មុខ​ទៀត​»៕

ដោយ៖ The Cambodia Share | ចុច៖ Like ទំព័ររបស់ពួកយើងដើម្បីទទួលបាននូវអ្វីដែលថ្មីៗជាច្រើនទៀត
ប្រភព៖ postkhmer
SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment